រថយន្តបើកដោយជនជាតិចិន បានបុកគ្នានឹងម៉ូតូពេញទំហឹង បណ្តាលអោយបុរសម្នាក់ស្លាប់ ហើយបានបើកគេចខ្លួនតែមិនបានសម្រេច
ព័ត៌មាន
10.5K

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ ខណៈពេលបញ្ជូនទៅមន្ទីពេទ្យ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដែលរថយន្តជនជាតិចិនមួយក្រុម បានបុកគ្នានឹងម៉ូតូពេញទំហឹង ត្រង់ចំណុចផ្លូវបែកជាបួន ហើយរថយន្តបានបើករត់ចេញពីកន្លែងកើតហេតុ តែត្រូវបានសមត្ថកិច្ចឃាត់បាននៅផ្លូវ១៣៥ នៅវេលាម៉ោង ១២និង១០នាទីយប់ ឈានចូលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវលេខ១៦៧ កែងនឹងផ្លូវ៤៣២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកPCX ពណ៌សពាក់ស្លាកលេខភ្នំពេញ1GK-2456 ជិះតាមបណ្តោយផ្លូវ៤៣២ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបើកបរដោយជនជាតិចិនមួយក្រុម ពណ៌ខ្មៅ ពាក់ស្លាកលេខ2AO-2713 បើកល្បឿនយ៉ាងលឿនតាមបណ្តោយផ្លូវ១៦៧ ក្នុងទិសដៅពីត្បូងទៅជើង បានបុកគ្នាពេញទំហឹង បណ្តាលអោយបុរសខាងលើរងរបួសធ្ងន់ខ្លាំង ត្រូវបានបញ្ជូនទៅមន្ទីពេទ្យ តែជាអកុសលបានស្លាប់បាត់បង់ជីវិតនៅលើរថយន្តសាមុយបាត់ទៅហើយ ភ្លាមនោះរថយន្តដែលបើកបរដោយជនជាតិចិនបានបើកគេចខ្លួនរហូតដល់ផ្លូវ១៣៥ ទើបសមត្ថកិច្ចធ្វើការឃាត់រថយន្តបានសម្រេច ចំណែកម៉ូតូខ្ទិចទាំងស្រុង ។

ក្រោយពេលកើយហេតុ សមត្ថកិច្ចបានចុះមកដល់ធ្វើការឃាត់រថយន្តជនជាតិចិន ហើយនាំខ្លួនរួមទាំងរថយន្តនិងម៉ូតូទៅខាងចរាចរណ៍ក្រុង ដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់ ចំណែកសាកសពរងចាំខាងសាច់ញាតិមកទទួលនៅមន្ទីពេទ្យ ។