សាហាវម៉្លេះ! ស្លាប់យុវជនម្នាក់ក្នុងថ្លុកឈាមយ៉ាងរន្ធត់ ម្នាក់ទៀតបាក់ដៃបាក់ជើងបែកមុខខ្ទេចប៊ិះក្ស័យ ព្រោះស្នាដៃក្រុមស្ទាវប្រដាប់ដោយកាំភ្លើង ដេញប្រហារ !!!
ព័ត៌មាន
3.23K

ភ្នំពេញ៖ ពិតជារន្ធត់ណាស់ យុវជនម្នាក់បានស្លាប់នៅក្នុងថ្លុកឈាមយ៉ាងរន្ធត់ភ្លាមៗមួយរំពេច ខណៈម្នាក់ទៀតបាក់ជើងបែកមុខ បាក់ដៃខ្ទេច របួសយ៉ាងធ្ងន់ធ្ងរនៅលើដងផ្លូវ ក្រោយជិះម៉ូតូរត់គេចពីក្រុមជនដៃដល់ជាក្មេងស្ទាវដេញប្រហារក្រោមស្បៃរាត្រី ថែមទាំងរកឃើញកាំភ្លើងមួយដើមជ្រុះនៅចំណុចកើតហេតុថែមទៀត។

ករណីនេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចមុខស្ថានទូតថៃ ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញក្រុមក្មេងស្ទាវជាច្រើននាក់ ដែលជាជនដៃដល់ ជិះម៉ូតូ៤ទៅ៥គ្រឿង ដេញតាមវាយយុវជន២នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ ដែលកំពុងជិះម៉ូតូតាមដងផ្លូវ យ៉ាងប្រសាចពេញផ្លូវ ក្នុងល្បឿនលឿនដូចហោះពីត្បូងទៅជើង ពេលនោះគេបានលឺសំឡេងជនរងគ្រោះទាំង២នាក់ស្រែកឲ្យគេឯងជួយផង ដោយស្រែកបន្ថែមថា ចោរៗ លុះដល់ចំណុចកើតហេតុ ក៏ព្យាយាមបត់ទៅវិញ ទើបបណ្តាលឲ្យដួលម៉ូតូ រួចត្រូវក្រុមជនដៃដល់វាយប្រហារ រហូតស្លាប់ម្នាក់ ក្នុងថ្លុកឈាមយ៉ាងរន្ធត់ និងម្នាក់ទៀតរងរបួសធ្ងន់ស្ទើរក្ស័យជីវា និងបានរកឃើញកាំភ្លើងខ្លីមួយដើម ម៉ាកK59 ធ្លាក់លើផ្លូវនៅទីតាំងកើតហេតុ និងមានម៉ូតូម៉ាក Beat ពណ៌សលាយក្រហម ពាក់ស្លាកលេខ ពោធិ៍សាត់ 1I-8728 ។ ចំណែកជនដៃដល់ ក្រោយប្រហារជនរងគ្រោះហើយនោះ បានរត់គេចខ្លួនបាត់អស់គ្មានសល់ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានអន្តរាគមន៍ហៅរថយន្តសាមុយមកដឹកយកជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ និងប្រមូលវត្ថុតាង រួមមានទាំងកាំភ្លើង និងម៉ូតូ បើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ មិនទាន់អាចបញ្ជាក់នៅឡើយថាការវាយប្រហាររហូតស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់នេះ ផ្តើមចេញពីរឿងអ្វី ជាស្ថិតនៅក្នុងករណីអ្វីនៅឡើយនោះទេ ។

ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកដើម្បីធ្វើកោសល្យវិច័យ ៕